អ្នកឧកញ៉ា កី ម៉ានេ៖ «ខ្ញុំបានបាត់បង់ច្រើនណាស់ ប៉ុន្តែខ្ញុំមិនបោះបង់ក្តីសង្ឃឹមក្នុងការជួយអ្នកដទៃឱ្យក្រោកឈរឡើងវិញឡើយ»

អ្នកឧកញ៉ា កី ម៉ានេ៖ «ខ្ញុំបានបាត់បង់ច្រើនណាស់ ប៉ុន្តែខ្ញុំមិនបោះបង់ក្តីសង្ឃឹមក្នុងការជួយអ្នកដទៃឱ្យក្រោកឈរឡើងវិញឡើយ»

September 24, 2026

(ភ្នំពេញ)៖ អ្នកឧកញ៉ា កី ម៉ានេ ប្រធានសមាគមសម្ព័ន្ធអ្នកវិនិយោគចិន អាស៊ាន និងអន្តរជាតិ (CAIIA) បានចេញសេចក្ដីថ្លែងសារលើកដំបូងក្នុងនាមជាប្រធានសមាគម CAIIA ដែលមានខ្លឹមសារជម្រុញលើកទឹកចិត្ត និងប្ដេជ្ញាចិត្តក្នុងបេសកកម្មរបស់អ្នកឧកញ៉ា ដែលធ្លាប់បាត់បង់ច្រើន ប៉ុន្តែអ្នកឧកញ៉ា កី ម៉ានេ មិនបោះបង់ក្តីសង្ឃឹមក្នុងការជួយអ្នកដទៃឱ្យក្រោកឈរឡើងវិញឡើយ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសេចក្ដីថ្លែងសាររបស់អ្នកឧកញ៉ា កី ម៉ានេ៖

ខ្ញុំបានបាត់បង់ច្រើនណាស់… ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ! ការឈឺចាប់បំផុតនៃការបាត់បង់អាជីវកម្ម មិនមែនត្រឹមតែការរបូតបាត់នូវអ្វីដែលយើងបានខិតខំកសាងប៉ុណ្ណោះទេ ប៉ុន្តែជាក្តីបារម្ភចំពោះជីវភាពរបស់មនុស្សជាច្រើនដែលធ្លាប់ពឹងផ្អែកលើអាជីវកម្មទាំងនោះ។

អស់រយៈពេលប្រមាណជិត២០ ឆ្នាំកន្លងមក ខ្ញុំបានលះបង់ទាំងកម្លាំងកាយ និងចិត្តកសាងសណ្ឋាគារចំនួន ៧ និងសហគ្រាសដទៃទៀតក្រោម ម៉ានេ គ្រុប (Mane Group)។ នៅពេលវិបត្តិកូវីដ-១៩ ទើបតែធូរស្រាល ដោយក្តីសង្ឃឹម និងបេះដូងស្រឡាញ់វិស័យបដិសណ្ឋារកិច្ចកម្ពុជា ខ្ញុំបានសម្រេចចិត្តបោះទុនសាងសង់សណ្ឋាគារប្រណិតថ្មីមួយទៀត ដើម្បីឱ្យក្លាយជា Grand Luxury Boutique Hotel។ ប៉ុន្តែជាអកុសល ពេលបុកគ្រឹះមិនទាន់ទាំងបានប៉ុន្មានផង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏បានផ្ទុះឡើង បន្តដោយសង្គ្រាមដទៃទៀត និងវិបត្តិសេដ្ឋកិច្ចសកលដ៏ធ្ងន់ធ្ងរ។

ព្យុះភ្លៀងដែលបោកបក់មកផ្ទួនៗគ្នា បានធ្វើឱ្យការខិតខំទាំងអស់ត្រូវរលាយបាត់បង់ រហូតមិនអាចបន្តប្រតិបត្តិការដូចការរំពឹងទុក។ អ្វីដែលធ្វើឱ្យខ្ញុំធ្លាក់ដល់ចំណុចឈឺចាប់បំផុតក្នុងជីវិត គឺការមិនអាចការពារជីវភាពក្រុមការងាររបស់យើងប្រមាណ ៥០០នាក់ ដែលធ្លាប់រួមសុខទុក្ខជាមួយខ្ញុំ។ គោរមងារ មិនអាចការពារមនុស្សម្នាក់ពីការខាតបង់បានឡើយ។ នៅពីក្រោយគោរមងារ ខ្ញុំនៅតែជាភរិយា ជាម្តាយ និងជាស្ត្រីខ្មែរម្នាក់ដែលកំពុងប្រឹងប្រែងជូតទឹកភ្នែក រួចស្វែងរកផ្លូវដើរទៅមុខបន្ត។

ចេញពីការឈឺចាប់ និងមេរៀនដ៏ជូរចត់នេះ ខ្ញុំយល់ច្បាស់ថា ការក្រោកឈរឡើងវិញ មិនអាចពឹងលើការតស៊ូឯកោបានឡើយ គឺត្រូវមានស្ពានតភ្ជាប់ដ៏រឹងមាំជាមួយដៃគូវិនិយោគអន្តរជាតិដែលមានការទទួលខុសត្រូវ។ នោះហើយជាគំនិតផ្តួចផ្តើមនៃការបង្កើត «សមាគមសម្ព័ន្ធអ្នកវិនិយោគចិន អាស៊ាន និងអន្តរជាតិ» (CAIIA)។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្វាមីរបស់ខ្ញុំ ឯកឧត្តមសាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន ដែលបានជួយជ្រោមជ្រែងប្រែក្លាយគំនិតនេះឱ្យទៅជាស្ថាប័ន តាមរយៈការតម្រង់ទិសយុទ្ធសាស្ត្រ និងការរួមចំណែកបង្កើតសមាគម ក្នុងតួនាទីជាស្ថាបនិក និងប្រធានកិត្តិយស នៃសមាគម។

ពិតណាស់ ខ្ញុំមានក្តីសង្ឃឹមចង់ស្តារអាជីវកម្មគ្រួសារឡើងវិញ ប៉ុន្តែបេសកកម្មរបស់ CAIIA គឺធំធេងជាងគ្រួសារមួយទៅទៀត។ ក្នុងនាមជាសមាគមមិនស្វែងរកប្រាក់ចំណេញ CAIIA ប្តេជ្ញាដើរតួជាស្ពានតភ្ជាប់ប្រកបដោយតម្លាភាព រវាងសហគ្រិនខ្មែរ និងវិនិយោគិនអន្តរជាតិមកពីប្រទេសចិន អាស៊ាន និងទូទាំងពិភពលោក។
ជំហានជាប្រវត្តិសាស្ត្ររបស់ CAIIA៖
– ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ CAIIA បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ ដោយជោគជ័យត្រចះត្រចង់។
– ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦៖ សមាគមបានបោះជំហានដ៏រឹងមាំមួយទៀត តាមរយៈការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនដៃគូមកពីប្រទេសចិន និងប្រទេសឡាវ ចំនួន ១០ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ចំនួន ០១ក្រុមហ៊ុន ក្នុងទំហំកិច្ចសហប្រតិបត្តិការគ្រោងទុកប្រមាណ ១០ពាន់លានយន់ចិន (ប្រមាណ ១,៥ពាន់លានដុល្លារអាមេរិក)។

ខ្ញុំសូមបញ្ជាក់ដោយតម្លាភាពថា នេះជាទំហំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលបានគ្រោងទុក (Framework of Cooperation) មិនមែនជាទុនវិនិយោគដែលបានទទួលរួចហើយនោះទេ។ ការប្រែក្លាយកិច្ចព្រមព្រៀងនេះឱ្យក្លាយជាគម្រោង និងការងារជាក់ស្តែង នៅតែទាមទារការសិក្សាហ្មត់ចត់ ការរៀបចំហិរញ្ញប្បទាន និងនីតិវិធីច្បាប់បន្តទៀត។

សម្រាប់ខ្ញុំ អត្ថន័យពិតប្រាកដមិនមែនស្ថិតនៅលើទំហំតួលេខនោះទេ ប៉ុន្តែគឺលទ្ធភាពដែលអាជីវកម្មអាចបើកដំណើរការឡើងវិញ មនុស្សមានការងារធ្វើ និងក្រុមគ្រួសារជាច្រើនអាចស្តារជីវភាពរស់នៅឡើងវិញ។ ស្នាមហត្ថលេខាជាការចាប់ផ្តើមនៃភាពជាដៃគូ ប៉ុន្តែសមិទ្ធផលពិត គឺការស្តារជីវភាពរបស់មនុស្ស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ ក្រុមការងារ និងដៃគូទាំងអស់សម្រាប់ការយោគយល់ និងការគាំទ្ររហូតមក។ ផ្លូវខាងមុខមិនងាយស្រួលឡើយ ប៉ុន្តែខ្ញុំប្តេជ្ញាដើរទៅមុខដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់បំផុត។
«ខ្ញុំបានបាត់បង់ច្រើនណាស់… ប៉ុន្តែខ្ញុំមិនបោះបង់ក្តីសង្ឃឹមក្នុងការជួយអ្នកដទៃឱ្យក្រោកឈរឡើងវិញឡើយ។»៕

Registered Office

Connect With CAIIA